គម្រោង BRI មានសក្ដានុពលធ្វើឱ្យប៉ះពាល់ដល់ សហគមន៍មូលដ្ឋាន ដូចជា ជនជាតិដើមភាគតិច, ជនជាតិភាគតិច ស្ត្រី មនុស្សចាស់ យុវជន និង ជនពិការ នៅក្នុងប្រទេសម្ចាស់ផ្ទះ។ ទោះបីជាអ្នកដែលរងផលប៉ះពាល់ អាចជាអ្នករស់នៅដោយផ្ទាល់លើទីតាំងគម្រោងដែលដាក់ស្នើក៏ដោយ ក៏គម្រោងហេដ្ឋារចនាសម្ព័ន្ធអាចមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ផងដែរ ហើយជួនកាលវា កើនឡើង និង ឆ្លងដែន ដល់អ្នកដែលរស់នៅជិត ឬឆ្ងាយពីទីតាំងគម្រោង។ ទោះបីជាអ្នកទាំងនេះប្រហែលជាមិនរស់នៅក្នុងតំបន់ជុំវិញគម្រោងផ្ទាល់ក៏ដោយ ក៏គួរតែចាត់ទុកពួកគេថាជាភាគីពាក់ព័ន្ធនៅក្នុង តំបន់រងឥទ្ធិពលរបស់គម្រោងផងដែរ។ អ្នកម៉ៅការបន្ត, អ្នកម៉ៅការ, អ្នកអភិវឌ្ឍ, ហិរញ្ញធិការី និង រដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ គួរតែធ្វើ ការសិក្សាលម្អិត ដើម្បីវាយតម្លៃផលប៉ះពាល់កាន់តែទូលំទូលាយ និង ជូនដំណឹង ទាក់ទង និង ពិគ្រោះ ជាមួយមនុស្សទាំងនេះ។
វាជាការចាំបាច់ដែលត្រូវយកចិត្តទុកដាក់យ៉ាងពិសេសចំពោះទស្សនៈ តម្រូវការ និងការអនុវត្តរបស់ជនជាតិភាគតិច ស្ត្រី មនុស្សចាស់ យុវជន ជនពិការ និងក្រុម ងាយរងគ្រោះ ផ្សេងទៀត ដោយមិនចំពោះតែទស្សនៈរបស់អ្នកដឹកនាំសហគមន៍ មេភូមិ និងមេគ្រួសារប៉ុណ្ណោះទេ។ អ្នកម៉ៅការបន្ត អ្នកម៉ៅការ អ្នកអភិវឌ្ឍ ហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ ត្រូវតែរក្សាសិទ្ធិរបស់ជនជាតិដើមភាគតិចឱ្យមាន ការយល់ព្រមដោយមានការយល់ដឹងជាមុននិងដោយសេរី (FPIC)។
តួនាទីនិងទំនួលខុសត្រូវដែលអាចមានរបស់អ្នកដែលរងផលប៉ះពាល់៖
- ទទួលព័ត៌មានទាក់ទងនឹងគម្រោងពីអ្នកម៉ៅការបន្ត អ្នកម៉ៅការ អ្នកអភិវឌ្ឍ ហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ។
- ចូលរួមកិច្ចប្រជុំទាក់ទងនឹងគម្រោងដែលរៀបចំដោយអ្នកម៉ៅការបន្ត អ្នកម៉ៅការ អ្នកអភិវឌ្ឍ ហិរញ្ញធិការី រដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ អ្នកប្រឹក្សា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម (ESIA),អាជ្ញាធរ ESIAនិងភាគីពាក់ព័ន្ធផ្សេងទៀត។
- ទាក់ទង ពិគ្រោះនិង សហការ ជាមួយអ្នកម៉ៅការបន្ត អ្នកម៉ៅការ អ្នកអភិវឌ្ឍ ហិរញ្ញធិការី និងអាជ្ញាធរនានាមកពីរដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ។
- ផ្ដល់មតិដ៏មានន័យជាប្រចាំអំពីបញ្ហាបរិស្ថាននិងសង្គម ដោយមិនកំណត់ត្រឹមតែដូចជា ការទិញយកដី, សំណង, ការតាំងទីលំនៅថ្មី, ការគាំទ្រក្នុង ការស្ដារជីវភាពឡើងវិញនិងការផ្ដល់ការងារក្នុងមូលដ្ឋាន។
- ផ្ដល់ឬដកហូត FPIC មុនពេលការសម្រេចចិត្តលើគម្រោងអាចត្រូវបានអនុម័តចុងក្រោយ ក្នុងករណីជនជាតិដើមភាគតិច។
- ដាក់បញ្ជូន សំណួរ/ក្ដីកង្វល់/បណ្ដឹង ទៅកាន់អ្នកម៉ៅការបន្ត អ្នកម៉ៅការ អ្នកអភិវឌ្ឍ ហិរញ្ញធិការី និងរដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ។
- ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលសហគមន៍ និង/ឬក្រុមប្រឹក្សាពិនិត្យតាមដានរួមគ្នា។
- គាំទ្រសកម្មភាពពិនិត្យតាមដាន និងចែករំលែកទិន្នន័យស្តីពីផលប៉ះពាល់បរិស្ថាននិងសង្គមរបស់គម្រោងនីមួយៗ។
- ម៉្យាងទៀត បញ្ជាក់សុពលភាពលទ្ធផលនៃរបាយការណ៍តាមដានតាមកាលកំណត់ ដែលធ្វើដោយ អ្នកស្រាវជ្រាវ/អ្នកជំនាញឬអ្នកម៉ៅការបន្ត អ្នកម៉ៅការ និងអ្នកអភិវឌ្ឍ។